​មេ​នគរបាល​អន្តោប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​ត្រពាំង​ស្រែ​ លោក កើត ដា​រ៉ាស៊ី​ហ៊ាន​ប្រព្រឹត្ត​អំពើពុករលួយ​អាងខ្នង​នាយ​ឧត្តមសេនីយ៍ គៀត ច័ន្ទ​ថា​រិទ្ធ​អគ្គនាយកនៃ​អគ្គនាយ​កដ្ឋានអន្តោប្រវេសន៍​?

​ខេត្ត​ក្រចេះ ៖ ដោយ ថៃ ប៊ុន​រិទ្ធ​
​សេចក្តីរាយការណ៍ ដែល​ស្និទ្ធ​នឹង មេ​នគរបាល​អន្តោប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​ត្រពាំង​ស្រែ លោក កើត ដា​រ៉ាស៊ី​បានឲ្យដឹងថា​ខ្នងបង្អែកដ៏​រឹងមាំ​របស់​លោក កើត ដា​រ៉ាស៊ី គឺ​នាយ​ឧត្តមសេនីយ៍ គៀត ច័ន្ទ​ថា​រិទ្ធ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​។ ដូច្នេះហើយ​ទើប​លោក គៀត ច័ន្ទ​ថា​រិទ្ធ ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់​ចំពោះ​សកម្មភាព​នៃ​ទង្វើ​មិន​ប្រក្រតី​និង​អំពើពុករលួយ​របស់​លោក កើត ដា​រ៉ាស៊ី នាយ​ប៉ុស្ដិ៍​នគរបាល​អន្តោប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​ត្រពាំង​ស្រែ ដែល​ត្រូវ​ក្រុមហ៊ុន​និង​ក្រុម​ឈ្មួញ​មួយចំនួន​លាតត្រដាង​ជា​បន្តបន្ទាប់​។ ករណី​លោក កើត ដា​រ៉ាស៊ី ប្រើ​អំណាច​គាប​យក​លុយ​លើ​តុ​ក្រោម​តុ​ពី​ក្រុម​ឈ្មួញ​និង​ក្រុមហ៊ុន​នាំចូល​ទំនិញ​ពី​ប្រទេស​ចិន​និង​ប្រទេស​យួន​តាម​ច្រកទ្វារ​អន្តរជាតិ​ត្រពាំង​ស្រែ គឺជា​រឿង​មិន​អាច​បិទ​បាំង​បានទេ​។ ដូច្នេះហើយ​ទើប​មាន​សេចក្ដីអំពាវនាវ​ឲ្យ​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ បើក​ការស៊ើបអង្កេត​ឲ្យបាន​ស៊ីជម្រៅ​ទៅលើ​រឿងអាស្រូវ​ពុករលួ​យ​ច្រើនបែប​ច្រើន​យ៉ាង​របស់​លោក កើត ដា​រ៉ាស៊ី បើទោះបី​មន្ត្រីនគរបាល​រូប​នេះ​មាន​ខ្នងបង្អែក​រឹងមាំ​យ៉ាងណាក៏ដោយ​។​

​បើទោះបី​មួយរយៈ​កន្លងទៅនេះ​រឿងអាស្រូវ​ពុករលួយ​ច្រើនបែប​ច្រើន​យ៉ាង​របស់​លោក កើត ដា​រ៉ាស៊ី មេ​នគរបាល​អន្តោប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​ត្រពាំង​ស្រែ ឃុំ​២​ធ្នូ ស្រុក​ស្នួល ខេត្ត​ក្រចេះ ត្រូវបាន​លាតត្រដាង​ជា​បន្តបន្ទាប់​យ៉ាងណាក៏ដោយ ក៏​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ និង​នាយ​ឧត្តមសេនីយ៍ គៀត ច័ន្ទ​ថា​រិទ្ធ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់​។

ប្រការ​នេះ​ហើយ​ទើប​លោក កើត ដា​រ៉ាស៊ី កាន់តែ​បានចិត្ត​ក្នុង​ការប្រើប្រាស់​តួនាទី​និង​អំណាច​របស់​ខ្លួន​ក្នុង​ការប្រព្រឹត្ត​អំពើពុករលួយ​ដោយ​គ្មាន​ញញើត​អ្វី​ឡើយ ព្រោះ​អាង​មាន​ខ្នងបង្អែក​រឹង​មាំ​នៅក្នុង​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ចាំ​ជួយ​ការពារ​។

មន្ត្រី​ពាក់ព័ន្ធ​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ត្រពាំង​ស្រែ​-​វ៉ា​លី ស្រុក​ស្នួល ខេត្ត​ក្រចេះ បានឲ្យដឹងថា មួយរយៈ​កន្លងទៅនេះ​លោក កើត ដា​រ៉ាស៊ី ឃុបឃិត​ឲ្យ​ឈ្មួញ​មួយចំនួន​នាំចេញ​ទំនិញគេចពន្ធ ក៏ដូចជា​ឈើ​និង​ធ្យូង​ចេញ​ទៅ​ស្រុក​យួន​យ៉ាង​គគ្រឹកគគ្រេង​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​។​

​សេចក្តីរាយការណ៍​ពី​មន្ត្រី​នៅ​ច្រកទ្វារ​អន្តរជាតិ​ត្រពាំង​ស្រែ ស្រុក​ស្នួល ខេត្ត​ក្រចេះ បានឲ្យដឹង​ថា​លោក កើត ដា​រ៉ាស៊ី មាន​សិទ្ធិ​អំណាច​ធំធេង​ជាងគេ​ក្នុង​ការបើក​បា​រ៉ាស់​ច្រកព្រំដែន​ឲ្យ​ឈ្មួញ​នាំចេញ​ទំនិញគេចពន្ធ ក៏ដូចជា​នាំចេញ​ឈើ​និង​ធ្យូង​យ៉ាង​ពេញបន្ទុក​មួយរយៈ​កន្លង​ទៅនេះ​។

​ប្រភព​បានឲ្យដឹង​ទៀតថា ប្រសិនបើ​គ្មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក កើត ដា​រ៉ាស៊ី មេ​នគរបាល​អន្តោប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​ត្រពាំង​ស្រែ​ទេនោះ គឺ​ឈ្មួញ​ធំៗ​ដូចជា ឧកញ៉ា សឹង សំអុល ឧកញ៉ា តុ​ប វី​ដា ឧកញ៉ា ម៉ឹក សុផាន់​ណា​រ៉េត ហៅ​ជ័យ និង​ឈ្មួញ​ដទៃទៀត មិន​អាច​ដឹក​ជញ្ជូន​ឈើ​ចេញ​ទៅ​ស្រុក​យួន​តាម​ច្រកទ្វារ​អន្តរជាតិ​ត្រពាំង​ស្រែ បានឡើយ​។ បញ្ហា​នេះ​គឺជា​រឿង​ដែល​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ និង​ស្ថាប័ន​ពាក់ព័ន្ធ​មិនគួរ​មើលរំលង​តទៅទៀត​នោះទេ ព្រោះ​នាយ​ឧត្តមសេនីយ៍ គៀត ច័ន្ទ​ថា​រិទ្ធ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ត្រូវបាន​គេ​ដឹងថា​ជា​អ្នក​បណ្ដោយ​ឲ្យ​លោក កើត ដា​រ៉ាស៊ី ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។​